ការប៉ះធ្មេញជាវិធីមួយដែលជួយព្យាបាលធ្មេញរងការបំផ្លាញដោយសារដង្កូវស៊ី ឬបញ្ហាពុកធ្មេញវិញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាធ្លាប់ដឹងរួចមកហើយពីការប៉ះធ្មេញ ប៉ុន្តែប្រហែលជាមិនដែលចាប់អារម្មណ៍ថាតើគួរថែរក្សាធ្មេញទើបនឹងប៉ះរួចយ៉ាងដូចម្ដេចទេ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការថែរក្សាធ្មេញដែលទើបប៉ះថ្មី ៖
១. ដឹងពីពេលវេលានៃការប៉ះធ្មេញ
មុនពេលអ្នកឈានយើងចេញពីគ្លីនិកធ្មេញ កុំភ្លេចចំណាំថ្ងៃដែលទន្តពេទ្យបានប្រាប់ទាក់ទងនឹងការបន្តព្យាបាលប៉ះធ្មេញលើកក្រោយ។ ប្រសិនបើពេទ្យធ្មេញមិនបានប្រាប់ អ្នកគួរសួរបញ្ជាក់ថាតើត្រូវមកពិនិត្យលើកក្រោយនៅពេលណា ឬដំណើរការនៃការព្យាបាលចប់ត្រឹមនេះ។ ជាធម្មតារយៈពេលនៃការព្យាបាលប៉ះធ្មេញ គឺអាស្រ័យលើប្រភេទនៃសម្ភារៈដែលត្រូវប្រើ។ ឧទាហរណ៍ការប៉ះធ្មេញដោយសេរ៉ាមិក គឺត្រូវបានធ្វើឡើងភ្លាមៗដោយមានជំនួយពីពន្លឺពណ៌ខៀវ ខណៈដែលការប៉ះធ្មេញដោយមាសត្រូវការរយៈពេល ២ ថ្ងៃដើម្បីកំណត់។
២. តមទទួលទានអាហារនិងភេសជ្ជៈក្ដៅ ឬត្រជាក់ខ្លាំង
សីតុណ្ហភាពខ្លាំងពេកអាចបណ្ដាលឱ្យប៉ះពាល់ដល់ធ្មេញដែលទើបនឹងប៉ះហើយ។ ដូច្នេះដើម្បីជាការប្រសើរចូរតមអាហារនិងភេសជ្ជៈដែលក្ដៅ ឬត្រជាក់ខ្លាំង។
៣. ចៀសវាងទទួលទានអាហារដែលរឹង ឬស្អិត
សម្រាប់រយៈពេលក្រោយប៉ះធ្មេញរួចពីរបីថ្ងៃ ចូរកុំទទួលទានអាហារប្រភេទណាដែលរឹង ឬស្អិត។ នោះក៏ព្រោះតែអាហាររឹងអាចបណ្ដាលឱ្យធ្មេញទើបនឹងប៉ះប្រេះ ឬបែកខូចទ្រង់ទ្រាយបានយ៉ាងងាយ។ រីឯអាហារដែលមានសភាពស្អិតៗវិញអាចបង្កផលប៉ះពាល់ដោយបង្កើនការលូតលាស់នៃបាក់តេរីដែលបង្កើតជាអាស៊ីតធ្វើឱ្យធ្មេញទើបនឹងប៉ះរួចជួបបញ្ហា។
៤. ទំពារអាហារនៅផ្នែកម្ខាងទៀតនៃមាត់ផ្ទុយពីទីតាំងធ្មេញទើបនឹងប៉ះ
ធ្មេញដែលទើបនឹងប៉ះរួច ក៏ត្រូវការរយៈពេលសមស្របដើម្បីឱ្យឡើងរឹងដូចធម្មតាផងដែរ។ ដើម្បីជាការប្រសើរអ្នកគួរទុកចន្លោះពេលយ៉ាងហោចណាស់ពី ២ ទៅ ៣ ថ្ងៃសិនមុននឹងប្រើប្រាស់ធ្មេញទើបនឹងប៉ះទំពារអាហារ៕