យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន The Daily Telegraph បានឲ្យដឹងថា បុរសទំនងជាចូលចិត្តអាហារហឹរ ព្រោះវាអាចជួយបង្កើនកម្រិតអ័រម៉ូនភេទប្រុសបាន។ ការសិក្សាដ៏តូចមួយរបស់ប្រជាជនអាមេរិកនេះបានរកឃើញ ទំនាក់ទំនងមួយរវាងការរបៀបចំធ្វើម្ហូប ឬអាហាររសជាតិហឹរ និងការកើនឡើងនៃអ័រម៉ូនតេស្តូស្តេរ៉ូន ប៉ុន្តែវាមិនមានអំណះអំណាងណាមួយបញ្ជាក់ដោយផ្ទាល់ឡើយ។
តេស្តូស្តេរ៉ូនគឺជាអ័រម៉ូនស្តេរ៉ូអ៊ីតមួយប្រភេទដែលមានជាប់ទាក់ទងនឹងសមត្ថភាពផ្លូវភេទរបស់មនុស្សប្រុស។ កាលណាបុរសមានអ័រម៉ូននេះខ្ពស់គឺមានភាពសកម្មខ្លាំងខាងផ្លូវភេទ ក្លាហាន និងចង់ប្រឈមនឹងគ្រោះថ្នាក់ ឬអាចហៅថា Alpha Male។ ដូច្នេះ តើការដែលចូលចិត្តអាហារហឹរ គឺជាសញ្ញាមួយនៃ Alpha Male ដែរទេ? ចម្លើយដ៏លឿននោះគឺថា យើងមិនទាន់ដឹងឡើយ។
យ៉ាងណាមិញ ការសិក្សានេះខ្លួនឯងក៏មិនអាចអះអាងទៅលើមូលហេតុ និងឥទ្ធិពលរបស់វាបានដែរ។ តែគេអាចនិយាយបានថា អាហារហឹរនឹងជម្រុញដល់ការកើនឡើងអ័រម៉ូនភេទតេស្តូស្តេរ៉ូន។ ហើយឥទ្ធិពលមួយនេះត្រូវបានគេមើលឃើញនៅលើសត្វកណ្តុរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន