យោងទៅតាមសារព័ត៌មាន BBC News បានឲ្យដឹងថា បុរសដែលអាយុ៤០ឆ្នាំក្រាស ហើយមានរាងកាយសមសួនបំផុតនោះគឺមិនងាយកើតជំងឺមហារីកសួត និងពោះវៀនដូចបុរសដែលមានរាងកាយមិនសមសួនឡើយ។
ការសិក្សាមួយមានការចូលរួមដោយការធ្វើតេស្តលើភាពសមសួនរបស់បុរសជនជាតិអាមេរិកប្រមាណ ១៣៩៤៩នាក់។ ពួកគេត្រូវបានបែងចែកជាបីក្រុម ដោយក្រុមមានភាពសមសួនទាបបំផុត ២០ភាគរយ សមសួនល្មម៤០ភាគរយ និងសមសួនកំពូល ៤០ភាគរយ និងធ្វើការតាមដានសុខភាពពួកគេជាមធ្យម ៦.៥ឆ្នាំ ដើម្បីចង់ដឹងថា ភាពសមសួននៃរាងកាយរបស់ពួកគេមានឱកាសកើតជំងឺមហារីកដែរឬអត់។ បុរសដែលស្ថិតក្នុងក្រុមមានភាពសមសួនរាងកាយបំផុតមិនងាយកើតមហារីកសួត រហូតដល់ ៥៥ភាគរយ និងមហារីកពោះវៀនធំ ៤៦ភាគរយ នៅពេលប្រៀបធៀបជាមួយបុរសដែលស្ថិតក្នុងក្រុមសមសួនទាបបំផុត។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺថា បុរសដែលស្ថិតក្នុងក្រុមកំពូលពិតជាមានការប្រឈមនឹងជំងឺមហារីកក្រពេញប្រូស្តាតខ្ពស់រហូតដល់ ២២ភាគរយ។
ចំណុចជាក់ស្តែងមួយគឺថា បុរសដែលហាត់ប្រាណ ហើយនៅតែមានរាងកាយសមសួនទៀតច្រើនតែមានសុខភាពល្អតាមរបៀបផ្សេងៗដែរដូចជា ការញ៉ាំអាហារផ្តល់សុខភាព និងតមគ្រឿងស្រវឹង។ រឿងនេះអាចនឹងជះឥទ្ធិពលដល់លទ្ធផលនៃការសិក្សាដែរ។
អ្វីដែលនៅតែអាចនោះគឺថា វាមានអំណះអំណាងមួយដែលថា ការហាត់ប្រាណតែមួយមុខអាចបន្ថយការប្រឈមនឹងជំងឺមហារីករបស់អ្នកបាន។ ព័ត៌មានដែលផ្តល់ដល់ការស្រាវជ្រាវជំងឺមហារីករបស់ប្រទេសអង់គ្លេសបានពន្យល់ពីរបៀបដែលការហាត់ប្រាណអាចបន្ថយការរលាក និងបង្ការការខូចខាតពោះវៀន ហើយវាក៏អាចបន្ថយការកើតជំងឺមហារីកផងដែរ។
ជាមួយនឹងឥទ្ធិពលនៃការបង្ការជំងឺបេះដូងដែលមានការអះអាងត្រឹមត្រូវ ការហាត់ប្រាណទៀងទាត់តែងតែជាគំនិតដ៏ល្អមួយសម្រាប់រឿងនេះ ហើយក៏មិនខ្វល់ថាអ្នកអាយុប៉ុន្មាន ឬភេទអ្វីដែរ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន