យោងទៅតាមសេចក្តីរាយការណ៍របស់ The Guardian បានឲ្យដឹងថា គ្រាន់តែការញ៉ាំគ្រឿងស្រវឹង ៥កំប៉ុងក្នុងមួយសប្តាហ៍អាចបន្ថយគុណភាពមេជីវិតឈ្មោលបានទៅហើយ។ រឿងនេះបានមកពីការសិក្សាមួយដែលមានការចូលរួមដោយទាហ៊ាន Danish បានរកឃើញថា ទោះបីជាការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមទៀងទាត់ក៏ដោយ ក៏ជាប់ទាក់ទងនឹងការថយចុះគុណភាពរបស់មេជីវិតឈ្មោលដែរ។
ក្នុងការសិក្សានេះគឺធ្វើទៅលើទាហ៊ាន Danish វ័យក្មេងចំនួន ១២០០០នាក់ ដែលមានអាយុជាមធ្យម ១៩ឆ្នាំ និងត្រូវបានគេវាយតម្លៃទៅលើគុណភាពទឹកកាម ព្រមទាំងសួរសំណួរទាក់ទងនឹងការញ៉ាំគ្រឿងស្រវឹងរបស់ពួកគេក្នុងមួយសប្តាហ៍ ឬការញ៉ាំគ្រឿងស្រវឹងកាលពី ៣០ថ្ងៃមុន។
ជាសរុបមក គេមិនទាន់មានទំនាក់ទំនងណាមួយច្បាស់រវាងគុណភាពទឹកកាម និងការញ៉ាំគ្រឿងស្រវឹងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងការវិភាគនេះ គេបានរកឃើញថា ៤៥ភាគរយនៃបុរសដែលញ៉ាំគ្រឿងស្រវឹងច្រើនគឺមានការថយចុះគុណភាពមេជីវិតឈ្មោលមែន។
បុរសដែលមិនបានញ៉ាំគ្រឿងស្រវឹងសោះតែម្តងក៏មានមេជីវិតឈ្មោលខូចខាតច្រើនដែរ។ ពួកគេអាចមានបញ្ហាសុខភាពដែរ ដែលនាំឲ្យគុណភាពឈ្មោលរងការប៉ះពាល់បែបនេះ ហើយក៏មានន័យថា ពួកគេត្រូវតែចៀសវាងការញ៉ាំគ្រឿងស្រវឹងដែរ។
អ្វីដែលសំខាន់នោះគឺថា នៅពេលការសិក្សានេះវាយតម្លៃទៅលើការញ៉ាំគ្រឿងស្រវឹង និងគុណភាពមេជីវិតឈ្មោលក្នុងពេលតែមួយគ្នានោះ វាមិនអាចបញ្ជាក់អំពីមូលហេតុ និងឥទ្ធិពលរបស់វាឡើយ។ មានកត្តាផ្សេងៗទៀតច្រើនណាស់ដែលអាចប៉ះពាល់ដល់ទំនាក់ទំនងបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ឥទ្ធិពលមិនល្អនៃការញ៉ាំគ្រឿងស្រវឹងច្រើនៗគឺកើតមានលើសុខភាពមនុស្សយើងមែន តែការដែលញ៉ាំតិចតួចត្រឹមតែពីរបីថ្ងៃក្នុងមួយសប្តាហ៍គឺគ្មានអ្វីជាបញ្ហាឡើយ៕
ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
ប្រភព៖ nhs.uk