ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីត គឺតូចក៏ពិតមែន ប៉ុន្តែវាគ្រប់គ្រងត្រួតពិនិត្យលើដំណើរការជាច្រើនក្នុងរាងកាយ រួមទាំងការរំលាយអាហារផងដែរ។ នៅពេលក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារមិនប្រក្រតីវាអាចបណ្ដាលអោយមានការផលិតអ័រម៉ូនលើសកម្រិតឬតិចជាងតម្រូវការរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយអាចបណ្ដាលឱ្យកើតមានបញ្ហាសុខភាពផ្សេងៗគួរអោយព្រួយបារម្ភដូចជាការប្រែប្រួលភ្លាមៗនៃទម្ងន់ អារម្មណ៍ប្រែប្រួល បញ្ហាស្បែកផ្សេងៗ និងសូម្បីតែជំងឺមហារីកសុដន់។ អាហារមួយចំនួនជះឥទ្ធិពលយ៉ាងខ្លាំងទៅលើក្រពេញទីរ៉ូអ៊ីត ដូច្នេះដើម្បីជាការប្រសើរអ្នកគួរចៀសវាងទទួលទានកំឡុងពេលមានបញ្ហាក្រពេញទីរ៉ូអ៊ីត។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារទាំងនោះ ៖
១. គ្រឿងសមុទ្រ
អ្នកដែលមានបញ្ហាលើសអ័រម៉ូនទីរ៉ូអ៊ីតមិនគួរទទួលទានគ្រឿងសមុទ្រច្រើនពេកឡើយក៏ព្រោះគ្រឿងសមុទ្រមានផ្ទុកសម្បូរទៅដោយជាតិ iodine។
២. សណ្ដែកសៀង
បើទោះជាសណ្ដែងសៀងមានផ្ទុកសម្បូរទៅដោយវីតាមីន និងសារធាតុចិញ្ចឹមល្អៗសម្រាប់រាងកាយក៏ពិតមែន ប៉ុន្តែការទទួលទានផលិតផលផ្សំឡើងពីសណ្ដែកសៀងច្រើនពេក គឺមិនផ្ដល់ផលល្អសោះឡើយចំពោះសុខភាពក្រពេញទីរ៉ូអ៊ីត។ សណ្ដែកសៀងមានឥទ្ធិពលធ្វើឲ្យក្រពេញទីរ៉ូអ៊ីតដំណើរការ
យឺតខុសពីធម្មតា។ នៅពេលអ្នកទទួលទានផលិតផលផ្សំពីសណ្ដែកសៀងច្រើនពេកក្រពេញទីរ៉ូអ៊ីតមិនអាចស្រូបយកអ៊ីយ៉ូតបានគ្រប់គ្រាន់ឡើយ ជាហេតុបណ្ដាលឱ្យក្រពេញទីរ៉ូអ៊ីតដំណើរការមុខងារខុសប្រក្រតី។
៣. អាហារសម្បូរខ្លាញ់
ចំពោះអ្នកកំពុងមានបញ្ហាខ្សោយក្រពេញទីរ៉ូអ៊ីត និងអ្នកកំពុងប្រើប្រាស់ថ្នាំព្យាបាលមិនគួរទទួលទានអាហារសម្បូរខ្លាញ់ឡើយ នោះក៏ព្រោះតែជាតិខ្លាញ់ជះឥទ្ធិពលដល់រាងកាយក្នុងការស្រូបយកជាតិថ្នាំនិងថែមទាំងរារាំងក្រពេញទីរ៉ូអ៊ីតមិនឱ្យដំណើរការដូចធម្មតាទៀតផង។
៤. អាហារនិងភេសជ្ជៈផ្អែម
ជាធម្មតាក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនដែលគ្រប់គ្រងអត្រាមេតាប៉ូលីស ហើយបញ្ហាក្រពេញទីរ៉ូអ៊ីតបណ្ដាលអោយការដុតរំលាយអាហារថយចុះ ឬយឺតខុសប្រក្រតី។ ដូច្នេះការទទួលទានអាហារនិងភេសជ្ជៈផ្អែមច្រើនកំឡុងពេលកំពុងមានបញ្ហាក្រពេញទីរ៉ូអ៊ីតអាចនឹងធ្វើអោយអ្នកធាត់ជ្រុល។
៥. គ្រឿងស្រវឹង
ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងបញ្ហាក្រពេញទីរ៉ូអ៊ីត ដើម្បីជាការប្រសើរចូរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានគ្រឿងស្រវឹង។ នោះក៏ព្រោះតែគ្រឿងស្រវឹងអាចជះឥទ្ធិពលដល់ក្រពេញទីរ៉ូអ៊ីតក្នុងការប្រើប្រាស់ និងស្រូបយកអ៊ីយ៉ូដពីក្នុងអាហារ។
៦. សាច់កែច្នៃ
ដើម្បីជាការប្រសើរអ្នកមានបញ្ហាលើសអ័រម៉ូនទីរ៉ូអ៊ីតគួរកាត់បន្ថយ ឬបញ្ឈប់ការទទួលទានសាច់កែច្នៃ។ នោះក៏ព្រោះតែសាច់កែច្នៃភាគច្រើនមានផ្ទុកសារធាតុ nitrites បង្កើនសមត្ថភាពនៃការស្រូបយកជាតិ iodine៕